គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សុវត្ថិភាពចំណីអាហារត្រូវបានផ្លាស់ប្តូរទាំងស្រុងដោយសារបច្ចេកវិទ្យាថ្មីនៃតេស្តរហ័ស និងតម្លៃសមរម្យក្នុងការស្វែងរកកាកសំណល់ថ្នាំសម្លាប់សត្វល្អិត

កាលបរិច្ឆេទ: ១៣ មីនា ២០២៤ / ម្ហូបអាហារ / Author : Veng Thavong

កាកសំណល់ថ្នាំសម្លាប់សត្វល្អិតគឺជាកង្វល់មួយយ៉ាងធំចំពោះបន្លែនាំចូល និងបន្លែក្នុងស្រុក។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលប្រើបច្ចេកវិទ្យាថ្មីទំនើបសម្រាប់ធ្វើតេស្តស្វែងរកកាកសំណល់ថ្នាំសម្លាប់សត្វល្អិត ហើយការធ្វើតេស្តនេះនឹងចូលរួមចំណែកដោះស្រាយបញ្ហាសុវត្ថិភាពចំណីអាហារនៅកម្ពុជាសម្រាប់អាហារស្រស់ៗដូចជាបន្លែ និងផ្លែឈើជាដើម។

ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិតៃវ៉ាន់មកពីវិទ្យាស្ថានស្រាវជ្រាវសារធាតុគីមីកសិកម្ម (ACRI) នៃក្រសួងកសិកម្មតៃវ៉ាន់ បានបង្កើតបច្ចេកវិទ្យាថ្មីមួយដែលមានគុណភាព និងបរិមាណច្រើនគួរសមដើម្បីធ្វើតេស្តរហ័សរកកាកសំណល់ថ្នាំសម្លាប់សត្វល្អិត។ បច្ចេកវិទ្យាថ្មីនេះដែលមានឈ្មោះថា SERS អាចរកឃើញថ្នាំសម្លាប់សត្វល្អិតរហូតដល់២៣០ប្រភេទតែក្នុងពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ប្រព័ន្ធធ្វើតេស្តនេះគេអាចយកបានតាមខ្លួនបាន និងចំណាយតិចតួចពេលត្រូវការធ្វើតេស្តម្តងៗ។ រាល់ការធ្វើតេស្តម្តងៗគឺមានតម្លៃតិចជាងមួយភាគដប់នៃការធ្វើតេស្តដោយប្រើមធ្យោបាយផ្សេងៗទៀតក្នុងការស្វែងរកកាកសំណល់ថ្នាំសម្លាប់សត្វល្អិត។

កាលពីដើមខែមីនា នាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូត​គាម​អនាម័យនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ទទួលបានម៉ាស៊ីន SERS ដែលអាចយកតាមខ្លួនបានមួយគ្រឿងសម្រាប់ធ្វើតេស្តរកកាកសំណល់ថ្នាំសម្លាប់សត្វល្អិត ពីមជ្ឈមណ្ឌលបន្លែពិភពលោកដែលជាអង្គការអន្តរជាតិប្រចាំនៅប្រទេសតៃវ៉ាន់។ អំណោយនេះធ្វើឡើងក្នុងក្របខ័ណ្ឌគម្រោងជំរុញការផលិតបន្លែប្រកបដោយសុវត្ថិភាព និងបន្លែខុសរដូវនៅកម្ពុជា និងឡាវ ឧបត្ថម្ភដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ និងគ្រប់គ្រងដោយមជ្ឈមណ្ឌលបន្លែពិភពលោក។ ក្រុមហ៊ុនឯកជនតៃវ៉ាន់មួយឈ្មោះ​ Phansco ដែលទទួលបានលិខិតអនុញ្ញាតពី ACRI ដើម្បីធ្វើពាណិជ្ជកម្មលើម៉ាស៊ីនធ្វើតេស្តមួយនេះ នឹងផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីក្រសួងកសិកម្មកម្ពុជា។

ក្នុងការធ្វើកសិកម្មដើម្បីចំណេញប្រាក់មិនថាជាបន្លែ ឬផ្លែឈើនោះទេ កសិករប្រើថ្នាំសម្លាប់សត្វល្អិតដើម្បីប្រមូលផលបានច្រើន។ ប៉ុន្តែជាញឹកញាប់ ពួកគេប្រើច្រើនហួសកម្រិត។ នៅកម្ពុជា អ្នកដាំបន្លែប្រើថ្នាំសម្លាប់សត្វល្អិតបីទៅបួនប្រភេទលាយគ្នា ហើយភាគច្រើនគេបាញ់ថ្នាំមួយសប្តាហ៍ម្តង។ ជួនកាលរហូតដល់ពីរដងក្នុងមួយសប្តាហ៍ក៏មាន។

ក្រៅពីម៉ាស៊ីនធ្វើតេស្ត SERS នៅមានមធ្យោបាយធ្វើតេស្តផ្សេងៗជាច្រើនទៀតដែលអាចវិភាគរកឃើញសូម្បីតែបរិមាណតូចបំផុត។ ប៉ុន្តែវិធីមួយនេះទាមទារឱ្យមានគ្រឿងបរិក្ខារទំនើបបំផុត និងអ្នកប្រើប្រាស់ដែលមានជំនាញខ្ពស់ និងត្រូវរង់ចាំពីរទៅបីថ្ងៃដើម្បីទទួលបានលទ្ធផល។ មានន័យថាត្រូវចំណាយថវិកាច្រើន ហើយចំនួនមានកំណត់​ ឬក៏មានតែប្រទេសមួយចំនួនប៉ុណ្ណោះក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលមានលទ្ធភាពអាចប្រើប្រាស់បាន។

លោក Srinivasan Ramasamy អ្នកវិទ្យាសាស្រ្តជំនាញខាងវិភាគសត្វល្អិត និងជាអ្នកគ្រប់គ្រងកម្មវិធីដ៏សំខាន់ផ្នែកសុវត្ថិភាព និងនិរន្តរភាពនៃមជ្ឈមណ្ឌលបន្លែពិភពលោក មានប្រសាសន៍គូសបញ្ជាក់យ៉ាងដូច្នេះ៖ «ម៉ាស៊ីន SERS មិនត្រឹមតែអាចធ្វើតេស្តរកកាកសំណល់ថ្នាំសម្លាប់សត្វល្អិតបានរហ័សតែម្យ៉ាងប៉ុណ្ណោះទេ តែថែមទាំងមានតម្លៃសមរម្យ និងអាចយកតាមខ្លួនបានទៀតផង ព្រមទាំងធានានូវទិន្នផលប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាកសិករនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជា​ និងឡាវជាដើម»